ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រស្តីពីការកសាង និង ការអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១០ ខែមេសា ឆ្នាំ ២០២៣

ថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹង ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣

នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រស្តីពីការកសាង និង ការអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ជូនអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុក្រសួងស្ថាប័ន , គ្រឹះស្ថានសាធារណៈរដ្ឋបាល, មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៃរាជធានី-ខេត្ត, រដ្ឋបាលរាជធានីខេត្ត សរុបប្រមាណ ៣០០ នាក់ ។

ពិធីបើកសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងស្ថាប័ន ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងស្ថាប័ន និង តំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ  បានគូសបញ្ជាក់ថា ការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រស្តីពីការកសាង និង ការអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាល ទី៤ នៅថ្ងៃនេះ គឺជាកិច្ចការដ៏សំខាន់មួយទៀតរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សំដៅរួមចំណែកអភិវឌ្ឍសមត្ថភាព ជំនាញវិជ្ជាជីវៈ ប្រកបដោយគុណភាព នវានុវត្តន៍ និង មនសិការ ជូនមន្រ្តីជំនាញហិរញ្ញវត្ថុសាធារណៈ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពក្នុងការអនុវត្ត “យុទ្ធសាស្ត្រចតុកោណ” នៅគ្រប់ដំណាក់កាល ពិសេស បានក្លាយជាអាទិភាពទី ១ នៅក្នុងដំណាក់កាលទី៣ និង ទី៤ សំដៅលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព ការច្នៃប្រឌិត និង ការទទួលខុសត្រូវខ្ពស់ ។ 

ព័ត៌មានទាក់ទង